Wednesday, June 4, 2008

របបអាហារតំបន់មេឌីទែររ៉ាណេការពារជម្ងឺទឹកនោមផ្អែម


ការសិក្សាមួយបានរកឃើញថា ការទទួលទានរបបអាហារបែបតំបន់មេឌីទែររ៉ាណេដែលរួមមានដូចជា ត្រី បន្លែ ផ្លែឈើ ខ្លាញ់ដែលផ្តល់នូវសុខភាពល្អអាចការពារពីជម្ងឺទឹកនោមផ្អែមប្រភេទ២បាន។អ្នកស្ម័គ្រចិត្តជនជាតិអេស្ប៉ាញជាង១៤.០០០នាក់ត្រូវបានគេសាកសួរពីទម្លាប់នៃការទទួលទានអាហាររបស់ពួកគេ ហើយពួកគេក៏ត្រូវបានអ្នកស្រាវជ្រាវធ្វើការតាមដានអស់រយៈពេល៤ឆ្នាំដើម្បីចង់ដឹងថា តើអ្នកណាដែលវិវឌ្ឍន៍ទៅរកជម្ងឺនេះ។ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសបានរាយការណ៍ថាលទ្ធផលបានបង្ហាញថាអ្នកដែលទទួលទានរបបអាហារបែបតំបន់ មេឌីទែររ៉ាណេមានអត្រាមិនកើតជម្ងឺទឹកនោមផ្អែមប្រភេទ ២ចំនួន ៨៣ ភាគរយ។ប៉ុន្តែអ្នកជំនាញការអង់គ្លេសនិយាយថា ការសិក្សានោះមិនមានភាពប្រាកដប្រជាទេ។ប្រជាជនរស់នៅប្រទេសអ៊ីតាលីភាគខាងត្បូង និងប្រទេសក្រិចបានសរសើរដល់របបអាហារតំបន់ មេឌីទេររ៉ាណេរបស់ពួកគេ។ការរស់នៅប្រចាំថ្ងៃរបស់ពួកគេមិនមែនត្រឹមតែធ្វើលំហាត់ប្រាណជាទៀងទាត់នោះទេ តែថែមទាំងទទួលទានត្រី បន្លែ ផ្លែឈើក្នុងចំនួនមួយដ៏ច្រើនដែលជាធម្មតាចំអិនដោយប្រើប្រេងអូលីវ និងពិសាស្រាក្រហមម្តងម្កាល។ការសិក្សាជាច្រើនបានរកឃើញថា របបអាហារទាន់សម័យដែលផ្អែកលើមូលដ្ឋានអាហារបែបមេឌីទែររ៉ាណេអាចលើកកម្ពស់សុខភាពបាន។របបអាហារដែលជួយកាត់បន្ថយអត្រាកើតជម្ងឺទឹកនោមផ្អែមនេះពិតជាសមហេតុផល ដោយសារតែប្រេងអូលីវត្រូវបានគេដឹងថា អាចធ្វើឱ្យប្រសើរដល់ការគ្រប់គ្រងជាតិស្ករក្នុងឈាម និងជួយកាត់បន្ថយសម្ពាធឈាម។បុរសនិងស្ត្រីទាំង១៤.០០០នាក់ដែលមានអាយុផ្សេងៗគ្នានោះត្រូវបានក្រុមអ្នកស្រាវជ្រាវតម្រូវឱ្យផ្តល់ពិន្ទុដល់ខ្លួនឯងចំពោះការដែលពួកគេអាចប្រកាន់ខ្ជាប់ទៅនឹងការទទួលទានរបបអាហារតំបន់មេឌីទែររ៉ាណេបានដល់កម្រិតណា។អ្នកវិទ្យាសាស្ត្របានបែងចែកពួកគេជាបីក្រុមដោយយោងតាមពិន្ទុដែលពួកគេទទួលបាន។ការទទួលទានត្រី បន្លែ ផ្លែឈើនិងប្រេងអូលីវអាចទទួលបាន១ពិន្ទុហើយ១ពិន្ទុទៀតសំរាប់អ្នកដែលមិនប្រើប្រាស់ខ្លាញ់សត្វនិងទទួលគ្រឿងស្រវឹងតិចបំផុត។ក្រុមដែលមានពិន្ទុខ្ពស់បំផុតអាចទទួលបានពិន្ទុចំនួន៧ឬលើសនេះខណៈដែលក្រុមទទួលបានពិន្ទុទាបទទួលបានតិចជាង៣ពិន្ទុប៉ុណ្ណោះ។បន្ទាប់មកទៀត អ្នកស្រាវជ្រាវរង់ចាំមើលថា តើក្រុមណាដែលកើតមានជម្ងឺទឹកនោមផ្អែមបន្ទាប់ពីរយៈពេល៤ឆ្នាំក្រោយមក ហើយក៏រកឃើញផងដែរថា អត្រាជាមធ្យមនៃការកើតជម្ងឺទឹកនោមផ្អែមសំរាប់ក្រុមពិន្ទុខ្ពស់មាន៨៣ភាគរយតិចជាងក្រុមអ្នកដែលទទួលបានពិន្ទុទាបបំផុត។ ចំពោះក្រុមនៅពាក់កណ្តាលគេវិញ មានអាត្រាកើតជម្ងឺ៥៩ភាគរយតិចជាងក្រុមពិន្ទុទាប។

No comments: