Wednesday, June 4, 2008

ជម្ងឺអញ្ចាញធ្មេញអាចបណ្តាលឱ្យកើតជម្ងឺមហារីក

ជម្ងឺអញ្ចាញធ្មេញដែលកើតមានទាំងលើអ្នកជក់បារីនិងអ្នកមិនជក់បារីអាចជាសញ្ញាព្រមានមួយពីការកើនឡើងនៃអត្រាគ្រោះថ្នាក់នៃភាពដែលអាចកើតមានជម្ងឺមហារីក។ក្រុមអ្នកស្រាវជ្រាវមកពី Imperial College London បានរកឃើញថា ជម្ងឺអញ្ចាញធ្មេញមានជាប់ពាក់ព័ន្ធទៅនឹងឱកាសកើតមានជម្ងឺមហារីកសួត មហារីកក្រលៀន មហារីកលំពែង និងមហារីកឈាមកាន់តែខ្ពស់។ក្រុមអ្នកស្រាវដែលសិក្សាលើរបាយការណ៍សុខភាពមនុស្សចំនួន ៥០.០០០នាក់បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថាភាពចុះខ្សោយនៃប្រព័ន្ធស៊ាំនៃរាងកាយអាចបណ្តាលឱ្យមានជម្ងឺទាំងនេះ។
សមាគមពេទ្យធ្មេញអង់គ្លេសបានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលពលរដ្ឋគួរធ្វើការត្រួតពិនិត្យសុខភាពមាត់ធ្មេញឱ្យបានទៀងទាត់។ភាគច្រើននៃពលរដ្ឋ អង់គ្លេសត្រូវបានគេឱ្យដឹងថា បានទទួលរងការឈឺចាប់ពីជម្ងឺអញ្ចាញធ្មេញមួយចំនួន ដែលបណ្តាលមកពីការឆ្លងបាក់តេរីដ៏ជាប់លាប់ ហើយបញ្ហានេះបានកើតមានជាសាមញ្ញចំពោះអ្នកដែលពិសាបារី។ប៉ុន្តែការសិក្សាចុងក្រោយបានឱ្យដឹងថា សូម្បីតែអ្នកមិនទទួលទានបារីក្តី ក៏ការកើតមានជម្ងឺអញ្ចាញធ្មេញអាចបង្ហាញ ពីគ្រោះថ្នាក់នៃការកើតជម្ងឺ មហារីកដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលធ្លាប់កើតជម្ងឺអញ្ចាញធ្មេញមានអត្រាកើតជម្ងឺ មហារីក១៤ភាគរយច្រើនជាងអ្នកដែលមិនធ្លាប់កើតជម្ងឺអញ្ចាញធ្មេញ។ចំនួននេះបានកើនដល់ទៅបីដង ចំពោះជម្ងឺមហារីកសួត ជិត ៥០ភាគរយ ចំពោះជម្ងឺមហារីកក្រលៀន និងប្រហាក់ប្រហែលនេះដែរចំពោះជម្ងឺមឺហារីកលំពែង។ ចំពោះជម្ងឺមហារីកកោសិកាឈាមដូចជា កោសិកាឈាមសបានកើនឡើង ៣០ភាគរយសំរាប់អ្នកដែលមានជម្ងឺអញ្ចាញ។មានការលើកបង្ហាញមួយចំនួនពាក់ព័ន្ធនឹងមូលហេតុដែលថា ការកើតមានជម្ងឺអញ្ចាញធ្មេញអាចបណ្តាលឱ្យមានជម្ងឺដទៃទៀតនោះ។គេបានរកឃើញថា អ្នកដែលកើតមានជម្ងឺអញ្ចាញធ្មេញមានសញ្ញាគីមីដែលការរលាកនៃអញ្ចាញអាចឆ្លុះបញ្ចាំងពីផ្នែកដទៃទៀតនៃរាងកាយ មានន័យថា បាក់តេរីនៅលើអញ្ចាញធ្មេញនោះអាចបណ្តាលឱ្យមានបញ្ហានៅកន្លែងផ្សេងទៀតនៃរាងកាយ។ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយ លោកវេជ្ជបណ្ឌិត ដូមីនីក មីឆាត បាននិយាយថា ការកើនឡើងនៃជម្ងឺមហារីកឈាមមានជាប់ទាក់ទងទៅនឹងប្រព័ន្ធភាពស៊ាំ។ ពួកគេបានអះអាងថា ការកើតជម្ងឺអញ្ចាញធ្មេញ រយៈពេលយូរអាចជាសញ្ញានៃភាពខ្សោយរបស់ប្រព័ន្ធស៊ាំដែលវាក៏អាចឱ្យជម្ងឺមហារីកធ្វើការវិវឌ្ឍន៍ឡើងផងដែរ។តែទោះជាយ៉ាងណាក្តី ពួកគេបាននិយាយថា វាក៏អាចទៅរួចដែរដែលថា ការកើតមានជម្ងឺអញ្ចាញធ្មេញ រយៈពេលយូរអាចបណ្តាលឱ្យមានការផ្លាស់ប្តូរនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំដែលជួយឱ្យជម្ងឺមហារីកកើតឡើង ឬថា បាក់តេរីពីអញ្ចាញធ្មេញអាចបណ្តាលឱ្យកើតមានជម្ងឺមហារីកនៅក្នុងជាលិការបស់មាត់ ឬបំពង់កនៅពេលដែលវាត្រូវបានលេបចូល។

No comments: