Wednesday, June 4, 2008

ពិសាគ្រឿងស្រវឹងបង្កើនគ្រោះថ្នាក់ជម្ងឺមហារីកធ្ងន់ធ្ងរ


បាយការណ៍ថ្មីមួយចេញផ្សាយ ដោយវិទ្យាស្ថានជម្ងឺមហារីកនៃរដ្ឋ ញូសាវវេលស៍ (NSW)ប្រទេសអូស្ត្រាលីបានឱ្យដឹងថាបុរសដែលទទួលទានគ្រឿងស្រវឹងក្នុងបរិមាណសមរម្យ៤ដងក្នុងមួយថ្ងៃប្រឈមមុខនឹងការកើនឡើងនៃគ្រោះថ្នាក់ពីការវិវឌ្ឍន៍ទៅរកជម្ងឺមឺហារីកពោះវៀនចំនួន ៦៤ភាគរយ។ចំពោះស្ត្រីវិញ ការទទួលទានគ្រឿងស្រវឹង ក្នុងបរិមាណសមរម្យចំនួន ២ដង ក្នុងមួយថ្ងៃប្រឈមមុខនឹងការកើនឡើងនៃគ្រោះថ្នាក់ពីការកើតមានជម្ងឺមហារីកសុដនដល់ទៅ២២ភាគ រយ។ទាំងបុរស និងស្ត្រីដែលទទួលទានគ្រឿងស្រវឹងសមល្មមតែ២ដង ក្នុងមួយថ្ងៃប្រឈមនឹងអត្រាគ្រោះថ្នាក់នៃការកើតមានជម្ងឺមហារីកមាត់ចំនួន៧៥ភាគរយ។លោក វេរីធី ហ្វឺត ជំនួយការរដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋ NSW ដែលបានចេញផ្សាយរបាយការណ៍នេះកាលពីពេលថ្មីៗនេះបាននិយាយថាភាពគ្រោះថ្នាក់នៃការអាចកើតមានជម្ងឺ មហារីក ត្រូវបានគេបំភ្លេចចោលនៅក្នុងកម្មវិធីជជែកដេញដោលអំពីការទទួលទានគ្រឿងស្រវឹងនៅតាមសហគមន៍។លោក ហ្វឺតបានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិថា “ជាការពិតណាស់ការទទួលទានគ្រឿងស្រវឹងគឺជាកត្តាគ្រោះថ្នាក់ដ៏ចម្បងមួយពីជម្ងឺមហារីកមួយចំនួនដែលរួមមានដូចជា មហារីកសុដន មហារីកពោះវៀន មហារីកបំពង់កនិងមាត់ជាដើម“។របាយការណ៍ដែលមានចំណងជើងថា“ គ្រឿងស្រវឹងជាមូលហេតុនៃជម្ងឺមហារីក “ ក៏បានបង្ហាញផងដែរថា ១២ភាគរយនៃករណីជម្ងឺមហារីកសុដននៅក្នុងរដ្ឋ ណ្សឺ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការទទួលទានគ្រឿងស្រវឹងច្រើន។លោក ហ្វឺត ក៏បានឱ្យដឹងផងដែរថា ឥឡូវនេះអង្គការសុខភាពពិភពលោកបានដាក់បញ្ចូលគ្រឿងស្រវឹងចូលទៅក្នុងបញ្ជីក្រុមទី១នៃកត្តាដែលនាំឱ្យកើតមានជម្ងឺមហារីក (Group 1 carcinogen)។ការស្ទាបស្ទង់សុខភាពប្រជាជនរបស់រដ្ឋ NSW កាលពីឆ្នាំ២០០៦បានឱ្យដឹងថា ៧០ភាគរយនៃមនុស្សពេញវ័យនៅរដ្ឋ NSW បានទទួលទានគ្រឿងស្រវឹងដោយក្នុងនោះ ១៧,៦ ភាគរយបានទទួលទានក្នុងបរិមាណដែលស្ថិតក្នុងកំរិតគ្រោះថ្នាក់ខ្ពស់។

No comments: