Wednesday, June 4, 2008

ការសិក្សារបស់អាមេរិកៈកាន់តែចាស់កាន់តែសប្បាយចិត្ត


ជាធម្មតា មនុស្សគ្រប់រូបតែងតែគិតថា នៅពេលដែលខ្លួនមានអាយុចាស់ជរា វាពិតជាធ្វើឱ្យខ្លួនមិនសប្បាយចិត្តដូចជាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ខ្លួនឡើយប៉ុន្តែការសិក្សាស្រាវជ្រាវថ្មីមួយ ដែលចេញផ្សាយនៅខែមេសានេះ បានបង្ហាញឱ្យឃើញថា ពលរដ្ឋអាមេរិកដែលសប្បាយចិត្តច្រើនជាងគេបំផុតនោះគឺជាមនុស្សដែលមានវ័យចំណាស់។ការស្រាវជ្រាវរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើងដោយលោក យ៉ាង យ៉ាងដែលជាអ្នកជំនាញខាងសង្គមវិទ្យាមួយរូបមកពីសាកលវិទ្យាល័យ ឈីកាហ្គោ។ លោក យ៉ាង បាននិយាយថា “ព័ត៌មានដ៏ល្អមួយនោះគឺថា ពេលយើងកាន់តែចាស់កាន់តែមានសុភមង្គល។ជីវិតរបស់យើងកាន់តែល្អប្រសើរនៅពេលយើងឆ្លងចូលវ័យបន្តបន្ទាប់ “ ។
លោក យ៉ាង បានបន្តទៀតថា មនុស្សដែលមានវ័យចំណាស់ប្រឈមមុខនឹងទុក្ខព្រួយដែលមិនអាចជៀសរួចមួយចំនួនដូចជា ជម្ងឺនិងការឈឺចាប់ដោយសារមរណភាពនៃអ្នកជាទីស្រឡាញ់ និងមិត្តភក្តិរបស់ខ្លួន។ ប៉ុន្តែជាទូទៅ មនុស្សចាស់អាចរៀនរម្ងាប់នូការឈឺចាប់ទាំងនោះបានប្រសើរជាងមនុស្សដែលមានវ័យក្មេង។លោកស្រី លីនដា ចចអ្នកជំនាញការវ័យចាស់ជរានៅឯសាកលវិទ្យាល័យឌ្យូកបានមានប្រសាសន៍ថា “មួយផ្នែកគឺដោយសារតែមនុស្សមានវ័យចំណាស់អាចរៀនបន្ថយនូវការរំពឹងទុករបស់ពួកគេហើយពួកគេទទួលយកនូវសមិទ្ធផលរបស់ពួកគេ“។លោកស្រីបានបន្ថែមទៀតថា“វាជាការប្រសើរណាស់ដែលខ្ញុំបានក្លាយជាសាស្ត្រាចារ្យមួយរូបហើយមិនមែនជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាពនោះ“។ការរកឃើញរបស់លោក យ៉ាង បានផ្អែកលើការធ្វើបទសម្ភាសទល់មុខក្នុងរយៈពេលបន្តបន្ទាប់គ្នា ដោយលោកបានសាកសួរពលរដ្ឋអាមេរិកចាប់ពីឆ្នាំ ១៩៧២ រហូតដល់ឆ្នាំ ២០០៤។ ពលរដ្ឋអាមេរិកប្រមាណជា ២៨.០០០ នាក់ដែលមានអាយុ១៨ឆ្នាំរហូតដល់៨៨ឆ្នាំត្រូវបានជ្រើសរើសឱ្យចូលក្នុងកម្មវិធីរបស់លោក។មានការធ្លាក់ចុះ និងកើនឡើងនៃកំរិតសុភមង្គល ជាទូទៅនៅក្នុងការសិក្សារបស់លោក ដែលជាលក្ខណៈទូទៅតបតាមស្ថានភាពសេដ្ឋកិច្ចល្អ និងអាក្រក់។ ក៏ប៉ុន្តែការសិក្សានោះបានរកឃើញថា នៅគ្រប់ដំណាក់កាលទាំងអស់ មនុស្សដែលមានវ័យចំណាស់តែងតែសប្បាយចិត្តជាងមនុស្សវ័យក្មេង។ ជាទូទៅ ការសិក្សាបានវាយតម្លៃថា ភាពសប្បាយចិត្តកើនឡើងចំនួន៥ភាគរយនៅរៀងរាល់១០ឆ្នាំម្តង។

No comments: