Wednesday, June 4, 2008

ការសិក្សាៈទទួលទានដំណេក៧-៨ម៉ោងមួយថ្ងៃជួយឱ្យរក្សាទម្ងន់បានល្អ


ក្រុមអ្នកវិទ្យាសាស្ត្រទើបបានរកឃើញថា ប្រសិនបើលោកអ្នកចង់រក្សាទម្ងន់ខ្លួនប្រកបទៅដោយសុខភាពល្អ ចូរព្យាយាមទទួលទានដំណេកពី៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ។ការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវពីភាពធាត់ហួសនៅឯ សាកលវិទ្យាល័យឡាវ៉ាល់នៅក្នុងទីក្រុងកេបិចប្រទេសកាណាដាបានរកឃើញថា រយៈពេលពី៧ទៅ៨ម៉ោងគឺជារយៈពេលទទួលទានដំណេកដ៏សមរម្យ ហើយមនុស្សដែលដេកតិចឬច្រើនជាងនេះពិតជាកំពុងបង្ខំខ្លួនឱ្យកាន់តែឡើងទម្ងន់ហើយ។
បន្ទាប់ពីបានស្រាវជ្រាវអស់រយៈពេល៦ឆ្នាំមក ការសិក្សានោះបានបង្ហាញថា អ្នកដែលទទួលទានដំណេកពី៥ទៅ៦ម៉ោងក្នុងមួយយប់ និងអ្នកដែលទទួលទានដំណេកជាមធ្យមពី៩ទៅ១០ម៉ោងក្នុងមួយយប់បានកើនទម្ងន់ខ្លួនកាន់តែធ្ងន់ឡើងបើប្រៀបធៀបទៅនឹងអ្នកដែលត្រូវបានស្នើឱ្យដេកតែពី៧ទៅ៨ម៉ោងក្នុងមួយថ្ងៃ។ការសិក្សានោះបានធ្វើការតាមដានមនុស្សពេញវ័យចំនួន២៧៦នាក់ ដែលមានអាយុចាប់ពី២១ឆ្នាំរហូតដល់៦៤ឆ្នាំ ដែលអ្នកទាំងនោះយ៉ាងហោចណាស់ក៏មានឪពុកម្តាយឬកូនចៅ ដែលត្រូវបានគេពិនិត្យដោយកំរិតរង្វាស ;Body Mass Index (BMI)eឃីញមានភាពធាត់ហួសដែរ។លទ្ធផលនៃការសិក្សានេះបានបង្ហាញឱ្យឃើញថា អ្នកដែលទទួលទានដំណេករយៈពេលខ្លីបានឡើងទម្ងន់ ១,៩៨គីឡូក្រាមច្រើនជាងអ្នកទទួលទានដំណេកជាមធ្យម ខណៈដែលអ្នកទទួលទានដំណេករយៈពេលយូរកើនទម្ងន់ខ្លួន១,៥៨គីឡូក្រាម។នៅពេលសួរសំណួរថា ហេតុអ្វីបានជាអ្នកដេកតិចពេកនិងអ្នកដេកច្រើនពេកមានទំនោរឡើងទម្ងន់កាន់តែច្រើនឡើងនោះការសិក្សានោះពុំបានផ្តល់ចម្លើយច្បាស់លាស់ឡើយ។ប៉ុន្តែ លោក អាន់ជេឡូ ត្រេមប្លេ អ្នកនិពន្ធជាន់ខ្ពស់ការសិក្សានោះបាននិយាយថា ការដេកមិនមានរយៈពេលសមរម្យអាចបង្អាក់ការផលិតអ័រម៉ូន ដែលគ្រប់គ្រងចំណង់ហូបអាហាររបស់ខ្លួនប្រាណមនុស្ស។ ការដេកតិចពេកទំនងជាបង្កើនការផលិត អ័រម៉ូនហ្គ្រេលីន ដែលជាអ័រម៉ូនមួយប្រាប់យើងថា យើងឃ្លានហើយ និងវាទំនងជាបន្ថយការផលិតអ័រម៉ូនឡេបទីដែលជាអ័រម៉ូនប្រាប់យើងថា យើងឆ្អែតហើយ។ចំពោះអ្នកដែលដេករយៈពេលយូរវិញ លោក ត្រេមប្លេ បាននិយាយថា ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ពួកគេប្រាកដជាមិនបានទទួលទានដំណេកសុខស្រួលនោះទេ ហើយថាពួកគេដេកច្រើនដោយសារតែពួកគេមិនបានទទួលទានដំណេកប្រកបដោយភាពស្កប់ស្កល់។ក្រុមអ្នកវិទ្យាសាស្ត្របានគូសបញ្ជាក់ផងដែរថា ការសិក្សាដែលទើបបានបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារនៅក្នុងទស្សនាវដ្តី Sleepនេះស្របទៅនឹងអត្ថបទវិទ្យាសាស្ត្រមួយចំនួនដែលបានផ្សាយថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរយៈពេលនៃការដេក និងរង្វាស់កំរិតនៃភាពធាត់ជ្រុល Body Mass Index (BMI)ដែលជារង្វាស់មួយដែលគេគិតពីកំពស់និងទម្ងន់របស់មនុស្សយកមកវិភាគថាតើទម្ងន់របស់មនុស្សនោះប្រកបទៅដោយសុខភាពល្អឬមិនល្អនោះ។សូមបញ្ជាក់ផងដែរថា មនុស្សដែលមានកំរិត BMI ទាបជាង ២៥ត្រូវបានគេចាត់ទុកថា មានទម្ងន់ធម្មតា ចំណែកឯមនុស្សដែលមានកំរិត BMI ពី២៥-២៩ គេចាត់ថាលើសទម្ងន់ និងមនុស្សដែលមានកំរិត ពីំ ចាប់ពី៣០ឡើងទៅត្រូវគេចាត់ទុកថាជាអ្នកមានទម្ងន់ខ្លួនធាត់ជ្រុ់ល។

No comments: