Wednesday, June 4, 2008

ការសិក្សាៈស្ត្រីឈប់ជក់បារីទទួលបានគុណប្រយោជន៍ច្រើន


របាយការណ៍សារព័ត៌មាននានាបានដកស្រង់សម្តីរបស់អ្នកស្រាវជ្រាវមកផ្សាយថាស្ត្រីដែលបោះបង់ទម្លាប់ជក់បារីអាចលើកកំពស់សុខភាពរបស់ពួកគេបានយ៉ាងច្រើននៅក្នុងអំឡុងពេល៥ឆ្នាំនៃការជក់បារីដើមចុងក្រោយរបស់ពួកគេ។អ្នកស្រាវជ្រាវនៅឯសាលាវេជ្ជសាស្ត្រហាវ៉ាដបានឱ្យដឹងថា នៅក្នុងរយៈពេល៥ឆ្នាំគ្រោះថ្នាក់ដល់ស្លាប់ដែលបណ្តាលមកពីមូលហេតុនានានៃការជក់បារីបានធ្លាក់ចុះចំនួន១៣ភាគរយ។នៅក្នុងរយៈពេល២០ឆ្នាំស្ត្រីមិនមានអត្រាគ្រោះថ្នាក់ដល់ស្លាប់ដោយសារតែប្រវត្តិនៃការជក់បារីនាពេលអតីតកាលរបស់ពួកគេទៀតទេ។ចំពោះមរណភាពដែលបណ្តាលមកពីជម្ងឺផ្លូវដង្ហើមវិញមានការធ្លាក់ចុះចំនួន១៨ភាគរយចំពោះការបោះបង់ការជក់បារីក្នុងអំឡុងពេលពី៥ទៅ១០ឆ្នាំ ហើយអត្រានេះនឹងធ្លាក់មកស្មើនឹងអត្រារបស់អ្នកដែលមិនជក់បារីដែរ បន្ទាប់ពីរយៈពេល២០ឆ្នាំក្រោយពីការបោះបង់ចោល។ប៉ុន្តែខណៈដែលមានការធ្លាក់ចុះដល់ទៅ២១ភាគរយនៃអត្រាគ្រោះថ្នាក់ពីជម្ងឺមហារីកនៅក្នុងរយៈពេល៥ឆ្នាំនៃការបោះបង់ចោលការជក់បារីនោះ វាទាមទាររយៈពេលដល់ទៅ៣០ឆ្នាំសំរាប់ការបញ្ចុះអត្រានេះមកនៅត្រឹមកំរិតសូន្យ។លោកស្តាស៊ី ខេនហ្វៀលអ្នកនិពន្ធការសិក្សានេះដែលរបាយការណ៍របស់លោកត្រូវបានចេញផ្សាយកាលពីថ្ងៃទី៧ឧសភានៅក្នុងទស្សនាវដ្តីរបស់សមាគមវេជ្ជសាស្ត្រអាមេរិកបានមានប្រសាសន៍ថា “ ភាពគ្រោះថ្នាក់ពីការជក់បារីអាចរលាយបាត់បាន ហើយវាអាចធ្លាក់មកនៅត្រឹមកំរិតដូចអ្នកមិនជក់បារីដែរ។ចំពោះលក្ខខណ្ឌជម្ងឺខ្លះដូចជាជម្ងឺសួតរ៉ាំរ៉ៃវាត្រូវការចំណាយរយៈពេលជាង២០ឆ្នាំទើបអាចលុបបំបាត់គ្រោះថ្នាក់របស់វាបាន ប៉ុន្តែចំពោះជម្ងឺដទៃទៀតវិញ ភាពគ្រោះថ្នាក់នេះអាចធ្លាក់ចុះក្នុងរយៈពេលដ៏ឆាប់រហ័ស“ ។ការស្រាវជ្រាវនេះគឺជាការសិក្សាជាបន្តមួយពី “កម្មវិធីសិក្សាសុខភាពគិលានុបដ្ឋាយិកា “ដែលជាការសិក្សាមួយដែលបានតាមដានស្ត្រីអាមេរិកចំនួន១២១.០០០នាក់។ អ្នកវិទ្យាសាស្ត្រឥឡូវនេះមានទិន្នន័យនៃស្ត្រីដែលចូលរួមរយៈពេល២២ឆ្នាំមកហើយ។លោក ស្តាស៊ី ខេនហ្វៀល មកពីសាលាសុខភាពសាធារណៈហាវ៉ាដ និងសហសេវិករបស់លោកបានសរសេរនៅក្នុងរបាយការណ៍នោះថា “ ការរកឃើញរបស់យើងបានបង្ហាញឱ្យដឹងថា ៦៤ភាគរយនៃមរណភាពរបស់អ្នកដែលបន្តជក់បារី និង២៨ភាគរយនៃមរណភាពរបស់អ្នកដែលធ្លាប់ជក់បារីពីមុនមកគឺដោយសារតែការជក់បារី “។ការសិក្សានោះក៏បានបង្ហាញពីគុណប្រយាជន៍នៃការមិនឆាប់ចាប់ផ្តើមជក់បារីដែរ ដោយស្ត្រីដែលចាប់ផ្តើមជក់បារីនៅអាយុ១៧ឆ្នាំមានអត្រាអាចនឹងស្លាប់នៅក្នុងរយៈពេលនៃការសិក្សានោះដល់ទៅ២២ភាគរយច្រើនជាងស្ត្រីដែលចាប់ផ្តើមជក់បារីនៅអាយុ២៦ឆ្នាំឬចាស់ជាងនេះ។

No comments: