Wednesday, June 4, 2008

កាកាវផ្តល់ផលប្រយោជន៍ដល់អ្នកជម្ងឺទឹកនោមផ្អែម


ការសិក្សាបានរកឃើញថា អ្នកជម្ងឺទឹកនោមផ្អែម ដែលទទួលទានកាកាវចម្រាញ់ អាចជួយ បង្កើនដំណើរការនៃសរសៃឈាមរបស់ពួកគេ។ក្រុមវេជ្ជបណ្ឌិតបានសាកល្បងឱ្យអ្នកជម្ងឺទឹកនោមផ្អែមទទួលទានកាកាវដែលគេចម្រាញ់ជាលក្ខណៈពិសេសសំរាប់រយៈពេល ១ខែ ដោយនៅទីបញ្ចប់ពួកគេបានរកឃើញថាសរសៃឈាមក្រហម ដែលជិតឈប់ ដំណើរការរបស់អ្នកជម្ងឺទឹកនោមផ្អែមទាំងនោះត្រឡប់មកដំណើរការជាប្រក្រតីវិញ។
ការសិក្សារបស់ប្រទេសអាល្លឺម៉ង់ដែលត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តី American College of Cardiology បានបង្ហាញថា សារធាតុគីមីដែលគេឱ្យឈ្មោះថា ថលាវានៀលស អាចមានតួនាទី ក្នុងដំណើរការ ជួយដល់សរសៃឈាមក្រហមនេះ។ អ្នកដែលមានជម្ងឺទឹកនោម ផ្អែមអាចប្រឈមមុខនឹងបញ្ហាសរសៃឈាមបេះដូងមានដូចជា ជម្ងឺបេះដូង និងដាច់សរសៃឈាម ក្នុងខួរក្បាលដែលមួយផ្នែកបណ្តាលមកពីឥទ្ធិពលនៃជាតិស្ករក្នុងឈាមខ្ពស់នៅលើស្រទាប់នៃសរសៃឈាមដែលមិនអាចបញ្ឈប់ពួកវាមិនឱ្យពង្រីកខ្លួនបាននៅពេលដែលរាងកាយទាមទារ។ខណៈដែលរបៀបរស់នៅប្រកបដោយសុខភាពអាចកាត់បន្ថយអត្រាគ្រោះថ្នាក់នេះក្តី ក៏ជាញឹកញាប់វាមិនអាចដោះស្រាយបញ្ហានេះបានទាំងស្រុងនោះទេ។ជាទូទៅ កាកាវផ្ទុកនូវសារធាតុ ថលាវានៀលស ដែលជាសារធាតុគីមី អង់ទីអុកស៊ីដង់មួយ (ជាសារធាតុដែលអាច កាត់បន្ថយរយៈពេលនៃការខូចខាតអ្វីមួយ)ដែលត្រូវបានគេរកឃើញផងដែរនៅក្នុងប្រភេទ បន្លែ ផ្លែឈើមួយចំនួន តែបៃតង និងស្រាក្រហម ហើយវាត្រូវបានការសិក្សាមួយចំនួនបង្ហាញថា ផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពបានយ៉ាងច្រើន។ប្រភេទនៃកាកាវដែលគេប្រើប្រាស់នៅក្នុងការសិក្សានេះ មិនអាចរកជាវទិញបានទេនៅតាមហាងនានា ហើយវា គឺជាកាកាវដែលគេ ចម្រាញ់ឡើងដោយបញ្ចូលសារធាតុគីមីនោះក្នុងបរិមាណមួយដ៏ច្រើន។ មានការសិក្សាដទៃទៀតកំពុងតែត្រូវបានគេធ្វើឡើងដើម្បីឱ្យដឹងច្បាស់ថា តើស្ករសូកូឡាដែលចម្រាញ់ឡើងដោយបញ្ចូល ថលាវានៀលស អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកជម្ងឺទឹកនោមផ្អែមដែរឬយ៉ាងណា។អ្នកជម្ងឺ១០នាក់ត្រូវបានគេប្រាប់ឱ្យទទួលទានកាកាវចំនួន៣ដងក្នុង១ថ្ងៃសំរាប់រយៈពេល ៣០ថ្ងៃ ហើយការ សាកល្បងពិសេសមួយត្រូវបានគេធ្វើឡើងដើម្បីតាមដានដំណើរការនៃសរសៃឈាមរបស់ពួកគេ។ សមត្ថភាពង្រីកខ្លួនរបស់សរសៃឈាមដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការឈាមបន្ថែមរបស់រាងកាយបានកើនឡើងយ៉ាងឆាប់រហ័ស។ជាមធ្យម សរសៃឈាមក្រហមរបស់មនុស្សមានសុខភាពល្អអាចរីកបានលើស៥ភាគរយ ខណៈដែលសរសៃឈាមរបស់អ្នកជម្ងឺទឹកនោមផ្អែមទាំង១០នាក់នោះបានរីកត្រឹមតែ៣,៣ភាគរយប៉ុណ្នោះនៅមុនពេលពួកគេទទួលទានកាកាវ។រយៈពេល ២ម៉ោងក្រោយពីពួកគេទទួលទានកាកាវ សរសៃឈាមក្រហមរបស់ពួកគេជាមធ្យមបានរីកដល់ទៅ ៤,៨ភាគរយ។ រយៈពេល ៣០ថ្ងៃក្រោយមក សរសៃឈាមក្រហមរបស់ពួកគេបានរីក ៤,១ ភាគរយ បើទោះណាជាពួកគេមិនទាន់ទទួលទានកាកាវក្តីហើយវាបានរីកដល់ទៅ៥,៧ភាគរយ រយៈពេល២ម៉ោងក្រោយពីពួកគេបានទទួលទានកាកាវមួយពែងធំ។

No comments: