Wednesday, June 4, 2008

ទារកគេងមិនគ្រប់គ្រាន់អាចលើសទម្ងន់


ការសិក្សាមួយចេញផ្សាយកាលពីថ្ងៃច័ន្ទនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រកុមារនិងមនុស្សជំទង់បានឱ្យដឹងថា ទារកដែលគេងជាមធ្យមតិចជាង១២ម៉ោងក្នុងមួយថ្ងៃអាចមានអត្រាកើនឡើងនៃការលើសទម្ងន់តាំងពីកុមារភាពទៅ។ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើទារក ៩១៥នាក់ដោយសាកសួរម្តាយរបស់ពួកគេពីចំនួនម៉ោងដែលក្មេងគេងក្នុងមួយថ្ងៃដោយរួមទាំងគេងនៅពេលថ្ងៃផង នៅពេលដែលពួកវាមានអាយុ៦ខែ១ឆ្នាំនិង២ឆ្នាំ។
បន្ទាប់ពីដកចេញនូវកត្តាធាត់ពីកំណើតដូចជា កត្តាអាយុរបស់ម្តាយ រយៈពេលចិញ្ចឹមទារក ដោយទឹកដោះម្តាយ កំរិត ពីំ លក្ខណៈរូបរាងរបស់ម្តាយនិងកត្តាផ្សេងៗទៀតមក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទារកចំនួន៩ភាគរយដែលបានគេងតិចជាងរយៈពេល១២ម៉ោងក្នុងមួយថ្ងៃនៅពេលដែលពួកគេនៅជាទារកនោះបានលើសទម្ងន់ខ្លួននៅពេលដែលគេមានអាយុ៣ឆ្នាំ។ក្រុមអ្នកស្រាវជ្រាវក៏បានសង្កេតឃើញផងដែរថា អត្រាលើសទម្ងន់កាន់តែមានភាពប្រាកដប្រជាឡើង ចំពោះកូនក្មេង ដែលមើលទូរទស្សន៍ច្រើនជាង២ម៉ោងក្នុងមួយថ្ងៃ។លោកស្រីវេជ្ជបណ្ឌិត អេលស៊ី អេម តាវេរ៉ាស អ្នកដឹកនាំការសិក្សាមកពីកម្មវិធីរារាំងភាពធាត់ជ្រុលនៃសាលាវេជ្ជសាស្ត្រ ហាវ៉ាដ នាទីក្រុងបូស្តុន សហរដ្ឋអាមេរិកបានមានប្រសាសន៍ថា នេះគឺជាការសិក្សាទីមួយហើយដែលរកឃើញថា មានទំនាក់ទំនងរវាងរយៈពេលគេងរបស់ទារកនិងការលើសទម្ងន់របស់កូនក្មេង។ការសិក្សាមុនៗបានរកឃើញថា មានការជាប់ពាក់ព័ន្ធគ្នារវាងការគេង ដែលមានរយៈពេលខ្លី និងភាពធាត់ជ្រុលរបស់ក្មេងជំទង់ និងមនុស្សពេញវ័យ។លោកស្រីតាវេរ៉ាសបានផ្តល់ជាដំបូន្មានថា អ្នកម្តាយទាំងឡាយគួរអនុវត្តបច្ចេកទេសគេងដោយអនាម័យខ្ពស់ដើម្បីជួយឱ្យទារកទទួលទានដំណេកបានកាន់តែច្រើន។លោកស្រីបានមានប្រសាសន៍យ៉ាងដូច្នេះថា “ កុំឱ្យមានទូរទស្សន៍នៅក្នុងបន្ទប់គេង កុំទទួលទានភេសជ្ជៈដែលមានសារធាតកាហ្វេអ៊ីននៅពេលល្ងាច...។ ទទួលទានដំណេកដ៏លង់លក់ពេញមួយយប់មិនត្រឹមតែជួយឱ្យយើងស្រស់ស្រាយនៅថ្ងៃ បន្ទាប់នោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱ្យយើងនូវសុខភាពល្អទៀតផង “ ។

No comments: