Wednesday, June 4, 2008

ការសិក្សាៈហ្សែន៦ទៀតត្រូវបានរកឃើញពាក់ព័ន្ធជម្ងឺទឹកនោមផ្អែមប្រភេទ២


ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញហ្សែនចំនួន៦ទៀត ដែលជាប់ពាក់ព័ន្ធទៅនឹងជម្ងឺទឹកនោមផ្អែមប្រភេទី២ នៅក្នុងការ សិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយ កាលពីថ្ងៃអាទិត្យនៅក្នុងរបាយការណ៍ធម្មជាតិនៃហ្សែន (Nature Genetics) ដែលការរកឃើញថ្មីនេះអាចជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រអភិវឌ្ឍនូវទំរង់ថ្មីៗក្នុងការការពារទប់ស្កាត់ និងព្យាបាលជម្ងឺប្រភេទនេះ។ការរកឃើញថ្មីនេះបានបង្កើនចំនួនហ្សែនសរុបដល់ទៅ១៦ហើយដែលមានការពាក់ព័ន្ធទៅនឹងប្រភេទជម្ងឺនេះ ហើយហ្សែននីមួយៗនៃហ្សែនទាំងនេះអាចផ្តល់នូវគន្លឹះថ្មីៗចំពោះដំណើរការដែលខុសប្រក្រតីនៅពេលដែលជម្ងឺទឹកនោមផ្អែមចាប់ផ្តើមវិវឌ្ឍន៍ឡើង។នៅក្នុងការសិក្សានោះ អ្នកស្រាវជ្រាវចំនួន៩០នាក់មកពីមជ្ឈមណ្ឌលអាមេរិកនិងអឺរ៉ុបជាង៤០ បានធ្វើការវិភាគពីទិន្នន័យនៃហ្សែនរបស់មនុស្សជាង ៧.០០០នាក់។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានហ្សែនចំនួន៦ខុសប្លែកគ្នា ដែលហ្សែននីមួយៗអាចបង្កើន អត្រាប្រឈមនឹងគ្រោះថ្នាក់របស់មនុស្សបន្តិចបន្តួច។លោកម៉ាក ម៉ាខាតធី មកពីសាកលវិទ្យាល័យអុកស៍ហ្វដ ដែលលោកជាអ្នកដឹកនាំការស្រាវជ្រាវនេះបានមានប្រសាសន៍ឱ្យដឹងថា ការឆ្លងហ្សែនដែលមានជម្ងឺណាមួយពីឪពុកម្តាយអាចនឹងបង្កើនអត្រាឆ្លងជម្ងឺទឹកនោមផ្អែមប្រភេទទី២ ពី១០ ទៅ១៥ ភាគរយ។លោកបានបន្តឱ្យដឹងទៀតថា អត្រាឆ្លងជម្ងឺរបស់អ្នកដែលគ្មានសំណាងដោយសារតែចម្លងយកហ្សែនដែលមានជម្ងឺទាំង៦នោះអាចមានច្រើនជាងអត្រាឆ្លងជាមធ្យមដល់ទៅ២-៣ដង។ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងទៀតថា ហ្សែនដែលមានជម្ងឺតែមួយបង្កើននូវអត្រាវិវឌ្ឍន៍ទៅរកជម្ងឺបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែការរួមផ្សំគ្នាទាំង៦នៃហ្សែនដែលមានជម្ងឺអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ជម្ងឺទឹកនោមផ្អែមកើតមានឡើង នៅពេលដែលខ្លួនប្រាណមិនអាចគ្រប់គ្រងកំរិតជាតិស្ករនៅក្នុងឈាមបាន។ ជម្ងឺទឹកនោមផ្អែមប្រភេទទី២មានចំនួន៩០ភាគរយនៃករណីជម្ងឺទឹកនោមផ្អែមទាំងអស់ ហើយវាមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងភាពធាត់ហួស និងភាពមិនសកម្មនៃខ្លួនប្រាណ។កំរិតសារធាតុគ្លុយកូសក្នុងឈាមរបស់អ្នកជម្ងឺទឹកនោមផ្អែមមានទំនោរនឹងកើនឡើងកាន់តែខ្ពស់។ សារធាតុគ្លុយកូសច្រើនពេកនៅក្នុងឈាមអាចបង្កអន្តរាយទៅដល់ភ្នែក ក្រលៀន និងសរសៃប្រសាទ ដែលវានឹងនាំទៅឱ្យមានជម្ងឺគាំងបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងពិការអវៈយវៈ។

No comments: