Wednesday, June 4, 2008

ព្យាបាលមហារីកបំពង់សម្លេងដោយឡាស៊ែរបានជោគជ័យ


មន្ទីពេទ្យទូទៅម៉ាសាឈូសេត (MGH) )នាប្រកាសកាលពីថ្ងៃអង្គារអាទិត្យមុនថា ការព្យាបាលដោយប្រើកាំរស្មីឡាស៊ែរថ្មីមួយដែលត្រូវបានពិសោធន៍នៅឯមន្ទីរពេទ្យ MGH បានទទួលជោគជ័យដោយអាចឱ្យអ្នកជម្ងឺមានសម្លេងធម្មតាវិញ បានដោយមិនចាំបាច់ប្រើវិធីព្យាបាលដោយកាំរស្មីអ៊ិច ឬដោយការវះកាត់ដែលអាចធ្វើឱ្យខូចខាតគុណភាពសម្លេងរបស់អ្នកជម្ងឺជារៀងរហូតទេ។
មន្ទីរពេទ្យ MGHបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា បច្ចុប្បន្នជម្រើសនៃការព្យាបាលថ្មីនេះត្រូវបានជ្រើសរើសដោយអ្នកជម្ងឺច្រើនជាង២៥នាក់មកហើយ។ លោក ស្ទេវិន ហ្សេថិល នាយកនៃមជ្ឈមណ្ឌលសូរស័ព្ទនៃមន្ទីរពេទ្យ អំះ បានមានប្រសាសន៍ថា “ពីមុនយើងបានប្រើប្រាស់កាំរស្មី ឡាស៊ែរ ដើម្បីព្យាបាលការខូចខាតនៃបំពង់សម្លេងដែលមិនទាន់ឈានដល់ជម្ងឺមហារីកនិងការខូចខាតមួយចំនួនទៀតនៃសរសៃឈាម ដែលអាចបង្កឱ្យមនុស្សស្លាប់។ ឥឡូវយើងបានយកវិធីនេះ មកអនុវត្តព្យាបាលជម្ងឺ មហារីកបំពង់សម្លេងដែលត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា ពលរដ្ឋអាមេរិកជាច្រើនពាន់នាក់បានកើតមានជម្ងឺនេះក្នុងមួយឆ្នាំៗ“
ក្រុមរបស់លោក ហ្សេថិល ដំបូងឡើយបានអនុវត្តការព្យាបាលជម្ងឺមហារីកបំពង់សម្លេងដែលទើបនឹងកើតមាននោះដោយប្រើកាំរស្មីឡាស៊ែរដែលញ័រញាក់។ ប៉ុន្តែក្រោយពីបានទទួលជោគជ័យជាច្រើនដងមក ពួកគេក៏បន្តទៅប្រើកាំរស្មីឡាស៊ែរ Potassium-Titanyl-Phosphate (KTP) ដែលរស្មីរបស់វាកាន់តែជាប់លាប់ជាងមុន ពីព្រោះថាវាអាចកាត់បន្ថយបានយ៉ាងច្រើននូវភាពងាយនឹងខូចខាតនៃជាលិការបស់បំពង់សម្លេងដ៏ងាយខូចនោះ។
ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា អ្នកជម្ងឺដំបូងទាំង២២នាក់ដែលបានទទួលការព្យាបាលតាមវិធីថ្មីនេះមិនបានកើតជម្ងឺមហារីកបំពង់សម្លេងទៀតទេរយៈពេល៥ឆ្នាំបន្ទាប់ពីការព្យាបាលនោះមក ដោយពួកគេមិនបានបាត់បង់ជាលិកាបំពង់សម្លេង ឬគុណភាពនៃសម្លេងរបស់ពួកគេនោះទេ។ អត្ថប្រយោជន៍មួយទៀតនៃវិធីព្យាបាលថ្មីនេះគឺថា អ្នកជម្ងឺដែលធ្លាប់បានជ្រើសរើសវិធីព្យាបាលនេះអាចប្តូរទៅជម្រើសព្យាបាលផ្សេងទៀតបាននៅពេលអនាគត។
លោក ហ្សេថិល បានធ្វើការកត់សម្គាល់ថា ការព្យាបាលនេះបានក្លាយជាដំណោះស្រាយផ្នែកគ្រប់គ្រងជាបទដ្ឋានមួយនៅឯមន្ទីរពេទ្យMGH ហើយថា នៅក្នុងពេលឆាប់ៗខាងមុខនេះវានឹងត្រូវបានយកទៅអនុវត្តនៅតាមមន្ទីរពេទ្យដទៃទៀតនៅទូទាំងសហរដ្ឋអាមេរិកនិងបរទេសផងដែរ។ លោកបានប៉ាន់ប្រមាណថា ៩០ភាគរយនៃអ្នកជម្ងឺមហារីកបំពង់សម្លេង ដំណាក់កាលដំបូងនឹងជ្រើសរើសយកការព្យាបាលដោយកាំរស្មីឡាស៊ែរ KTP។

No comments: