Wednesday, June 4, 2008

ការសិក្សាៈអវៈយវៈវែងបន្ថយគ្រោះថ្នាក់បាត់បង់ការចងចាំ


យោងតាមការសិក្សារបស់អាមេរិកមួយដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃច័ន្ទបានឱ្យដឹងថា មនុស្សដែលមានដៃជើងវែងទំនងជានឹងមិនកើតមានបញ្ហាចងចាំទេនៅពេលមានអាយុចាស់ជរា។ការសិក្សាដែលគេឃើញផ្សាយនៅក្នុងទស្សនាវដ្តីប្រសាទសាស្ត្រ (the journal Neurology) បានបង្ហាញថា ស្ត្រីដែលមានជើងវែងជាងធម្មតាមានអត្រាតិចតួចក្នុងការកើតជម្ងឺបាត់បង់ការចងចាំ (dementia) ជាមួយនឹងរៀងរាល់ប្រវែងជើងមួយ ១អ៊ិញ (២,៥៤សង់ទីម៉ែត្រ)កាន់តែវែងអាចបន្ថយអត្រាគ្រោះថ្នាក់បាន១៦ភាគរយ។ស្ត្រីដែលមានដៃខ្លីបំផុតមានអត្រា ៥០ភាគរយទំនងជានឹងកើតជម្ងឺបាត់បង់ការចងចាំច្រើន ជាងស្ត្រី ដែលមានដៃវែងបំផុត។ ចំពោះបុរសវិញ មានតែប្រវែងដៃទេដែលពាក់ព័ន្ធនឹងការធ្លាក់ចុះនៃគ្រោះថ្នាក់ពីជម្ងឺបាត់បង់ការចងចាំនេះ។ ក្រុមអ្នកស្រាវជ្រាវនិយាយថាទំនាក់ទំនងរវាងអវៈយវៈខ្លី និងគ្រោះថ្នាក់ពីជម្ងឺបាត់បង់ការចងចាំអាចដោយសារតែអាហារូបត្ថម្ភមិនគ្រប់គ្រាន់នៅវ័យកុមារភាពដែលអាចប៉ះពាល់ដល់ការលូតលាស់របស់អវៈយវៈបាន។លោកស្រី ធីណា ហ្វាង មកពីសាកលវិទ្យាល័យថាហ្វនៅទីក្រុងបូស្តុន សហរដ្ឋអាមេរិកដែលដឹកនាំការសិក្សានោះបានមានប្រសាសន៍ថា “ រង្វាស់រង្វាល់រាងកាយដូចជា កំពស់ជង្គង់ និងប្រវែងដៃជាញឹកញាប់ត្រូវបានយកមកប្រើប្រាស់ជាកត្តាជីវសាស្ត្រដែលអាចបង្ហាញពីកង្វះខាតនៃសារធាតុចិញ្ចឹមនៅវ័យកុមារភាព “។លោកស្រី និងសហសេវិកបានធ្វើការសិក្សាលើមនុស្សចំនួន ២.៧៩៨នាក់អស់រយៈពេល ៥ឆ្នាំដោយសិក្សាលើកំពស់ជង្គង់ និងប្រវែងដៃរបស់ពួកគេ។ ភាគច្រើននៃអ្នកទាំងនោះ គឺជាជនជាតិស្បែកសនិងមានអាយុជាមធ្យម៧២ឆ្នាំ។ នៅចុងបញ្ចប់នៃការសិក្សានោះមានមនុស្សចំនួន ៤៨០នាក់បានកើតមានជម្ងឺបាត់បង់ការចងចាំ។លោកស្រី ហ្វាង បានមានប្រសាសន៍យ៉ាងដូច្នេះទៀតថា “ការរកឃើញរបស់ក្រុមយើង មានលក្ខណៈស្របទៅនឹងការសិក្សាដទៃទៀតដែលត្រូវបានធ្វើឡើងនៅក្នុងចំណោមប្រជាជនកូរ៉េដែលនៅទីនោះប្រជាជនដែលមានអវៈយវៈខ្លី មានអត្រាកើតជម្ងឺបាត់បង់ការចងចាំខ្ពស់ “។

No comments: